សម្តេចធិបតីលើកទឹកចិត្តក្រសួងអធិការកិច្ចជួយលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ដំណើរការប្រព្រឹត្តរបស់ក្រសួងអធិការកិច្ចសម្តៅជួយរាជរដ្ឋាភិបាលក្នុងកិច្ចការលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំ ក្នុងវិស័យសាធារណៈ។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោករដ្ឋមន្ត្រី ហួត ហាក់។
អតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មុននេះត្រូវបានបង្កើត នៅក្នុងនីតិកាលទី២ នៃរដ្ឋសភា ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការអនុវត្តបេសកកម្ម និងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
សម្តេចធិបតីក្នុងប្រសាសន៍នាពិធីបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ចនៅថ្ងៃទី១៣កុម្ភៈ បានថ្លែងបញ្ជាក់នូវតួនាទីសំខាន់របស់ក្រសួងអធិការកិច្ច បើទោះបីជាមានការផ្លាស់ប្តូរឈ្មោះថ្មីយ៉ាងណាក៏ដោយ។
សម្តេចធិបតីក្នុងប្រសាសន៍នាពិធីបិទសន្និបាតបូកសរុបដដែលបានបញ្ជាក់ការទុកចិត្តលើការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដែលទើបបានប្តូរឈ្មោះថ្មីក្នុងអាណ្ណត្តិទី៧នេះ ក្នុងការដាក់ទណ្ឌកម្ម វិន័យ និងមានវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈណា ដែលប្រព្រឹត្តបំពាន ក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេចធិបតីបានថ្លែងចាត់ទុកកិច្ចការរបស់ក្រសួងអធិការកិច្ច ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានជួយដល់ការអនុវត្តអភិក្រមចំនួនបួន គឺការឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល និងព្យាបាល ដែលអភិក្រមទាំងបួននេះ គឺជាការឆ្លុះបញ្ចាំងនូវលក្ខណៈគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីជួយពង្រឹងភាពស្អាតស្អំ របស់មន្ត្រីរាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យក្រសួងអធិការកិច្ចបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅ នៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារអធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ពីគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា។
សម្តេចធិបតីបានស្នើឱ្យក្រសួងអធិការកិច្ចត្រូវសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហា ដែលមានកន្លងមក ឬត្រូវតាក់តែងថ្មី ស្របតាមភាពវិវឌ្ឍន៍ នៃស្ថានភាពសង្គមជាតិជាក់ស្តែង និងត្រូវពង្រឹងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីអធិការកិច្ច ជាពិសេសលើវិស័យឌីជីថល ដើម្បីការជំរុញបរិវត្តកម្មឌីជីថលអធិការកិច្ច នៅក្នុងបរិបទឌីជីថល និងធ្វើទំនើបកម្មស្ថាប័នសម្តៅឈានទៅដល់ការសម្រេចអធិការកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល។