ក្រសួងមហាផ្ទៃហាមមិនឱ្យមាននគរបាលទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល (Video Inside)
ក្រសួងមហាផ្ទៃបានចេញសេចក្តីព្រមានការ «ហាមជាដាច់ខាតការបញ្ជូន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល» ឡើយ។
សេចក្តីព្រមាននេះ បានធ្វើតាមរយៈលិខិតមួយចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា គ្រាដែលសង្កេតឃើញថា មានមន្ត្រីនគរបាលខ្លះ ត្រូវបានជួលដោយវិស័យឯកជនសម្រាប់យាម ឬថែរក្សាសន្តិសុខកន្លែងលក់ហាងមាស, ហាងពេជ្រជាដើមក្នុងម៉ោងរដ្ឋបាល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងលិខិតណែនាំ៥ចំណុច បានសរសេរថា «មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃឱ្យមកបំរើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួនជាអង្គរក្ស, ជាអ្នកបើកបរ, ជំនួយការនៅក្នុងឬក្រៅក្រសួងមហាផ្ទៃ…»។
ក្នុងលិខិតណែនាំទាំង៥ចំណុច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំថា ការយកមន្ត្រីពីអង្គភាពណាមួយ ទៅបំរើនៅអង្គភាពណាមួយក៏ដោយ ត្រូវតែមានការឯកភាពពីប្រធានអង្គភាពសាមី និងមានការយល់ព្រមពីរដ្ឋមន្ត្រី។
ការណែនាំក្នុងចំណុចទីបួន បានសរសេរថា «ហាមដាច់ខាតការបញ្ជូន ឬការអនុញ្ញាតឱ្យមន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឱ្យទៅទៅបំរើការងារនៅក្នុងវិស័យឯកជនក្នុងម៉ោងរដ្ឋបាល»។