វិមានក្រឹមឡាំង និងលោក Musk បដិសេធការចោទដែលថា យោធារុស្ស៊ីប្រើអ៊ីនធឺណេត Starlink
បរទេស៖ វិមានក្រឹមឡាំង ឬរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទ បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនដែលថា យោធារុស្ស៊ី ដែលកំពុងប្រយុទ្ធជួរមុខបានប្រើប្រាស់អ៊ីធឺណែតរបស់ក្រុមហ៊ុន Starlink ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ លោក មហាសេដ្ឋីមានសញ្ជាតិអាមេរិក Elon Musk។ រីឯ ខាងក្រុមហ៊ុនក៏បានច្រានចោលការអះអាងរបស់អ៊ុយក្រែន លើរឿងនេះដែរ។
ទីភ្នាក់ងារសង្ងាត់នៃយោធាអ៊ុយក្រែន ហៅកាត់ GUR បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងដែលថា បណ្តាញអ៊ីនធឺណែតរបស់ក្រុមហ៊ុន Starlink កំពុងត្រូវបានប្រើប្រាស់ដោយ មូលដ្ឋាន «ជាប្រព័ន្ធ» នៃកងទ័ពរុស្ស៊ី ហើយគេថែមទាំងចោទថា រុស្ស៊ីបានគេចពន្ធសេវាកម្មនេះ យកទៅប្រើក្នុងប្រទេសខ្លួន ទៀតផង។
Starlink ត្រូវបានគេដឹងថា ជាបណ្តាញផ្កាយរណប ក្នុងគន្លងផែនដីទាប ដែលអាចផ្តល់សេវាអ៊ីនធឺណែត ទៅកាន់តំបន់ដាច់ស្រយាល ឬ តំបន់ ដែលគេបិទទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
ជុំវិញរឿងនេះ លោក Musk បាននិយាយ នៅលើបណ្តាញសង្គមរបស់ខ្លួន X ឬ ពីមុនគេហៅ Twitter ថា នោះគឺជារបាយការណ៍មិនពិត។ លោកបានបន្ថែមទៀត គ្មានសេវាកម្មអ៊ីនធឺណែត Starlink ត្រូវបានលក់ដោយផ្ទាល់ ឬដោយប្រយោល ទៅឱ្យប្រទេសរុស្ស៊ីនោះទេ ។
រីឯ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានដែរថា មិនមានការផ្គត់ផ្គង់ទេ។ លោកបន្ថែមថា ជាក់ស្តែង អ៊ីនធឺណែត Starlink មិនអាចត្រូវបានប្រើ ជាផ្លូវការ នៅទីនោះ ឬ តាមតាមវិធីណានោះទេ ដោយលើកឡើងថា ប្រព័ន្ធនេះ មិនដំណើរការនៅក្នុងប្រទេសរុស្ស៊ីទេ មានន័យថា សូម្បីតែឧបករណ៍មួយនៅក្នុងប្រទេសរុស្ស៊ី ក៏មិនអាចភ្ជាប់បានផង។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មានរយៈពេលជិត ២ឆ្នាំហើយ ត្បិតអី រុស្ស៊ីបានផ្តើមវាយលុក លើកដំបូង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត