រូបិយប័ណ្ណគ្រីបតូ Bitcoin ហក់ឡើងលើស ៥ម៉ឺនដុល្លារ ជាលើកដំបូង ក្នុងពេល២ឆ្នាំ
បរទេស៖ រូបិយប័ណ្ណគ្រីបតូ Bitcoin កាលពីថ្ងៃអង្គារ បានកើនឡើងលើសពី៥ម៉ឺនដុល្លារ ជាលើកដំបូង ក្នុងរយៈពេលជាង ២ឆ្នាំ ខណៈដែលវិនិយោគិនមានសុទិដ្ឋិនិយមថា ការយល់ព្រមរបស់សហរដ្ឋអាមេរិក ក្នុងការជួញដូរកាន់តែទូលំទូលាយនៅក្នុងអង្គភាព នឹងបង្កើនតម្រូវការ នាំឲ្យតម្លៃកើន តាមហ្នឹង។
គួរបញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូ ត្រូវបានប្រើប្រាស់ស្រដៀងនឹងរូបិយប័ណ្ណផ្សេងទៀតដែរ ដើម្បីជួយដូរទំនិញផ្សេងៗ ដោយផ្អែកលើការកំណត់របស់ប្រទេស ឬតំបន់ ប៉ុន្តែលុយគ្រីបតូនេះ មិនបានឆ្លងកាត់ធនាគារកណ្តាលរបស់បណ្តាប្រទេសនីមួយៗឡើយ។ កន្លងមក បណ្តាប្រទេសមួយចំនួន បានហាមឃាត់រូបិយប័ណ្ណគ្រីបតូ នៅក្នុងប្រទេសខ្លួន ដើម្បីការពារប្រជាជនពីការបាត់បង់ទ្រព្យសម្បត្តិ និងលុយរបស់ខ្លួន។
រយៈពេលប៉ុន្មានខែ ថ្មីៗនេះ រូបិយប័ណ្ណគ្រីបតូ មានការវិវឌ្ឍខ្លាំង ដោយគេជឿថា បណ្តាលមកពីតម្រុយដែលថា សមាជិកសភាអាមេរិក នឹងអនុញ្ញាតឱ្យបង្កើតមូលនិធិជួញដូរប្តូរប្រាក់ ហៅកាត់ ETFs ហើយអនុញ្ញាតឱ្យសាធារណៈជនវិនិយោគក្នុងគ្រីបតូ ដោយមិនចាំបាច់ទិញ ដោយផ្ទាល់។
យោងតាមទិន្នន័យរបស់ Bloomberg បានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើង ដល់៥០៣២៨ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីចុងឆ្នាំ ២០២១។
អ្នកសង្កេតការណ៍មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនេះ។ លោក Fadi Aboualfa តំណាងក្រុមហ៊ុន Copper Technologies បាននិយាយថា «អ្នកទិញមានភាពរីករាយ នឹងដំណឹងនេះ ហើយ វានឹងបង្កើតបរិមាណអ្នកទិញ ដែលនឹងជំរុញឱ្យតម្លៃកើនឡើងបន្ថែមទៀត» ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត