ព្យុះរដូវរងាវាយប្រហារភាគឦសាន សហរដ្ឋអាមេរិក លុបជើងហោះហើរ បិទសាលារៀន
អាមេរិក៖ ភាគឦសាននៃសហរដ្ឋអាមេរិកត្រូវបានគ្របដណ្ដប់ដោយព្រិល ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងក្លាមួយបានវាយលុកតំបន់នេះ ដោយគ្របដណ្តប់លើសលប់លើទីក្រុងញូវយ៉ក ជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ និងបណ្តាលឱ្យមានការលុបចោលជើងហោះហើរ និងការបិទសាលារៀន ជាដើម។
កាលពីថ្ងៃអង្គារ សេវាអាកាសធាតុជាតិ ហៅកាត់ NWS បានចេញពីការព្រមានសម្រាប់ខ្យល់បក់ខ្លាំង ព្រិលធ្លាក់ខ្លាំង និងការជន់លិច នៅតាមឆ្នេរសមុទ្រ ដោយសាតែព្យុះ Lorraine នៅតាមបណ្តោយផ្នែកខ្លះ នៃឆ្នេរភាគខាងកើត។
បើតាមសេវា NWS បានចេញផ្សាយថា មនុស្សជាង ៣២ លាននាក់ស្ថិតក្រោមការព្រមានអំពីព្យុះរដូវរងានេះ ខណៈដែលព្យុះបានបង្កការបំផ្លិចបំផ្លាញបណ្តើរៗហើយ។
ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ ជាង ១២២០ ជើង រួមទាំងជើងហោះហើរ ៤៣ភាគរយ នៅអាកាសយានដ្ឋាន LaGuardia របស់ទីក្រុងញូវយ៉ក ក៏ដូចជា ជើងហោះហើរមួយ ក្នុងចំណោមជើងហោះហើរចំនួន ៥ នៅមជ្ឈមណ្ឌលអាកាសសំខាន់ផ្សេងទៀត នេះបើយោងតាមអ្នកតាមដានអាកាសចរណ៍ Flight Aware ។
សាលារៀនត្រូវបានបង្ខំឱ្យបិទ នៅក្នុងទីក្រុងញូវយ៉ក ហើយប្រតិបត្តិករដឹកជញ្ជូនបានព្យាយាមផ្តល់សេវា បន្ទាប់ពីអាជ្ញាធរបានអំពាវនាវឱ្យសាធារណជន ជៀសវាងការបើកបរចំពេលមានស្ថានភាពអាប់អួរ។
អាជ្ញាធរបាននិយាយថា វាជាលើកទីមួយ ក្នុងរយៈពេលពីរឆ្នាំ ដែលព្រិលបានធ្លាក់ចុះយ៉ាងខ្លាំងក្លា នៅក្នុងទីក្រុងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកមួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត