បារាំងរក្សាស្ថេរភាពអត្រាគ្មានការងារធ្វើ
ប៉ារីស៖ អត្រាគ្មានការងារធ្វើជាផ្លូវការរបស់ប្រទេសបារាំង រក្សាបាននូវស្ថិរភាពនៅត្រឹម ៧.៥ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ខណៈដែលទីភ្នាក់ងារស្ថិតិជាតិ (INSEE) ក្នុងថ្ងៃអង្គារនេះ បានកែសម្រួលការព្យាករណ៍ដំបូងរបស់ខ្លួន ដែលថា នឹងកើនឡើង ០.១ភាគរយ។
នៅត្រីមាសទី៤ ឆ្នាំ២០២៣ បារាំងបានមើលឃើញចំនួនអ្នកគ្មានការងារធ្វើនៅទូទាំងប្រទេស កើនឡើងប្រមាណ ២៩,០០០នាក់ ដល់ ២.៣លាននាក់ជាមួយនឹងអត្រា ០.៤ភាគរយ តួលេខនេះខ្ពស់ជាងកាលពី ៤០ឆ្នាំមុន ដែលខ្លួនទើបអាចសម្រេចបានកាលពីចុងឆ្នាំ២០២២។
ទន្ទឹមគ្នា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មានមហិច្ឆតាកាត់បន្ថយអត្រាគ្មានការងារធ្វើទូទាំងប្រទេស នៅត្រឹម ៥.៥ភាគរយ ឬទាបជាងនេះ។
យ៉ាងណាមិញ អត្រាគ្មានការងារធ្វើរបស់ប្រទេសបារាំង បានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ ដែលមានចំនួនរហូតដល់ ១០.៥ភាគរយឯណោះ។
គួរបញ្ជាក់ថា អត្រាគ្មានការងារធ្វើ ក្នុងចំណោមយុវវ័យ ដែលមានអាយុចាប់ពី ១៥ ដល់ ២៤ឆ្នាំនៅតែខ្ពស់ដដែល បើទោះបីជាបានធ្លាក់ចុះ ០.២ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដល់ ១៧.៥ភាគរយ ប៉ុន្តែចំនួនសរុប គឺ ០.៦ភាគរយ កើនឡើងលើសកាលពីចុងឆ្នាំ២០២២។
ចំណែកតួលេខអត្រាអ្នកគ្មានការងារធ្វើក្នុងរយៈពេលយូរ ពោលគឺចាប់ពីមួយឆ្នាំ ឬច្រើនជាងនេះ មានចំនួន ១.៨ភាគរយ កើនឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា