រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជា ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្ដិភាព បច្ចុប្បន្ន បច្ចុប្បន្ន បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅចូលរួមនៅក្រៅប្រទេសវិញ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់ បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព មកកម្ពុជា ហើយបច្ចុប្បន្ន កម្ពុជា បានក្លាយទៅ ជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាព នៅក្រៅប្រទេស ។ ការបញ្ជាក់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដូច្នេះក្នុងឱកាសជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែង នូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិ បត្តិការ រីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ដែលបានបង្កើត តាំងពីឆ្នាំ១៩៥៩។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើក ទី៣ ក្នុងពេលវេលាសមស្របណាមួយ នៅប្រទេសនូវែលសេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏សំខាន់ របស់រដ្ឋាភិបាលនូវែលសេឡង់ ក្នុងការរួមចំណែកដល់ដំណើរការសន្ដិភាព និងការផ្ដល់ ជំនួយអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការ បោស សម្អាតមីន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់ បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពប្រមាណ ១០០នាក់ មកកម្ពុជា ហើយពេល បច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាពជាង ៩.០០០ នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅក្រៅប្រទេស។
មុននឹងកិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី Winston Peters មកបំពេញ ទស្សនកិច្ច នៅ កម្ពុជា នៅពេលវេលាសមស្របណាមួយ ៕
ដោយ ៖ វណ្ណលុក