កម្ពុជា-ហុងគ្រី ប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនិងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ការបញ្ជាក់របស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner