កងរាជអាវុធហត្ថ ត្រូវបន្តចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ
(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក ត្រូវបន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។
នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ ។

នេះគឺជាការលើកឡើងរបស់ ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែល លោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភា រ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលពិធីនេះរៀបចំ នៅបញ្ជាការមូលដ្ឋាន ក្រុងសិរីសោភ័ណនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

បន្ទាប់ពីទទួលសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច លោក វរសេនីយ៍ត្រី សុខ ឡេង ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ , ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត ៕


ដោយ ៖ ឃិន គន្ធា