នគរបាលថៃពង្រឹងវិធានការតឹងរ៉ឹង នៅយប់ថ្ងៃនៃក្តីស្រឡាញ់
នគរបាលថៃបានឲ្យដឹងថា កម្លាំងរបស់ខ្លួននឹងត្រូវដាក់ពង្រាយកាន់តែច្រើន នៅតាមម៉ូតែលនិង កន្លែងកម្សាន្ត នាពេលយប់ នៃថ្ងៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះបើតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក។
Bangkok Post បានចេញផ្សាយ នៅថ្ងៃពុធនេះថា ដើម្បីធានាសុវត្ថិភាពដល់អនីតិជន ក្នុងថ្ងៃនៃក្តីស្រលាញ់នេះ នគរបាលថៃនឹងដាក់ចេញវិធានការកាន់តែតឹងរ៉ឹង ជាងមុន តាមរយៈការដាក់ពង្រាយកម្លាំង នៅតាមគោលដៅសំខាន់ៗ ទាំងនេះ។
អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលថៃ លោកស្រី Chanchai Rattanapanich បាននិយាយកាលពីថ្ងៃអង្គារថា លោកអគ្គស្នងការនគរបាលជាតិ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់យុវជន នៅយប់ថ្ងៃ ១៤ កុម្ភៈនេះ ដូច្នេះ ភ្នាក់ងារទាំងអស់ដែលស្ថិតនៅក្រោមអគ្គស្នងការដ្ឋាន ត្រូវបានណែនាំឱ្យតាមដាន និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ជាពិសេសឧក្រិដ្ឋកម្មផ្លូវភេទ និងជម្លោះហិង្សារបស់ក្រុមក្មេងៗជំទង់ ដោយផ្តោតលើតំបន់គោលដៅនានា។
ប្រភពបន្ថែមថា ប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវមានជិតកន្លែងកម្សាន្ត ផ្ទះសំណាក់ ហាងស្រា និងហាងអ៊ីនធឺណេត ហើយត្រូវដាក់ពង្រាយកម្លាំង ដើម្បីត្រួតពិនិត្យអ្នកបើកបរ ពេលយប់។ ជាពិសេស
វិធានការតឹងរ៉ឹងនឹងត្រូវបានអនុវត្ត នៅកន្លែងកម្សាន្ត ដែលជាទីពេញនិយមរបស់ អតិថិជនមិនទាន់គ្រប់អាយុ ការសម្តែងអាសអាភាស និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។ សណ្ឋាគារនៅទូទាំងប្រទេសក៏ត្រូវបានជំរុញ ឱ្យជៀសវាងការទទួលយកអនីតិជនផងដែរ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត