សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកទៅលើទិសដៅអនាគតដែលត្រូវធ្វើដំណើររួមគ្នាលើវិថី នៃការកែទម្រង់គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និងកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានចែករំលែកទៅលើទិសដៅអនាគតដែលត្រូវធ្វើដំណើររួមគ្នាលើវិថី នៃការកែទម្រង់គ្រប់ជ្រុងជ្រោយកាន់តែមុតស្រួច និងកាន់តែស៊ីជម្រៅ និងផ្តល់អនុសាសន៍មួយចំនួនដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកជាធាតុចូលបន្ថែមសម្រាប់ការតម្រង់ទិសដៅការងារ និងការរៀបចំយុទ្ធសាស្ត្រតទៅមុខផងដែរ។ សម្តេចធិបតីបានមានប្រសាសន៍ថា របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានរំលេចច្បាស់រួចហើយ នៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រ និងគោលនយោបាយនៅតាមវិស័យនានា ជាពិសេសយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ស្នូលនៃយុទ្ធសាស្ត្របច្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ហើយកាលណានិយាយពីការកែទម្រង់អភិបាលកិច្ច គឺត្រូវគិតដល់ការទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន ប្រព័ន្ធថវិកា គ្រប់ខណ្ឌគតិយុត្តិ និងធនធានមនុស្សជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រងនិងការចាត់ចែងកិច្ចការប្រទេសជាតិ ពិសេសការធានានិរន្តភាព នៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន។ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។
សម្តេចធិបតីបានបញ្ជាក់ថា សម្តេចបានសម្រេចចិត្តទទួលដឹកនាំផ្ទាល់លើការងារពាក់ព័ន្ធនឹងវិធានការគន្លឹះចំនួន៣ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលបានដាក់ចេញជាមួយុទ្ធសាស្ត្រចបច្ចកោណ ក្នុងសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រី គឺទី១.ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈដោយផ្តល់ជាពិសេសលើការជ្រើសរើសមន្ត្រី ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការរៀបចំប្រព័ន្ធលើកទឹកចិត្តមួយដែលផ្អែកលើសមិទ្ធកម្ម។ ទី២.ការកែទម្រង់គុណភាពវិស័យអប់រំជាពិសេសពីថ្នាក់មត្តេយ្យដល់ថ្នាក់មធ្យមសិក្សា និងទី៣.ការកែទម្រង់គុណភាពវិស័យសុខាភិបាល ជាពិសេសនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត