ថ្ងៃនេះ! ឥណ្ឌូនេស៊ីបោះឆ្នោតប្រធានាធិបតី, អតីតឧត្តមសេនីយ Subianto សង្ឃឹមខ្ពស់ថានឹងឈ្នះ

ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តាមការគ្រោងទុក។ ជាការបោះឆ្នោត ដែលគេមើលឃើញថា អតីតឧត្តមសេនីយម្នាក់ គឺលោក Subianto អាចនឹងមានភាគរយច្រើន ឈ្នះការបោះឆ្នោតនេះ។

លោក Prabowo Subianto ដែលក៏ជារដ្ឋមន្ត្រីការពារជាតិ ក្នុងរដ្ឋាភិបាលផុតអាណត្តិ រូបនេះត្រូវបានគេស្ទង់មតិថា នាំមុខសម្លេងប្រជាប្រិយភាព បើទោះបីជាមានការព្រួយបារម្ភលើកំណត់ត្រាសិទ្ធិមនុស្សរបស់លោក កន្លងមក បូករួមនឹងកត្តាកិច្ចការងាររបស់រដ្ឋាភិបាលជិតផុតអាណត្តិ របស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo ត្រូវបានគេរិះគន់ច្រើនផងដែរនោះ។

បុរសវ័យ ៧២ ឆ្នាំរូបនេះ បានប្រាប់អ្នកគាំទ្រ នៅឯការប្រមូលផ្តុំយុទ្ធនាការ កាលពិចុងសប្តាហ៍ថា «យើងនឹងប្រយុទ្ធដើម្បីនាំមកនូវភាពចម្រុងចម្រើនសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ យើងនឹងបន្តនូវអ្វីដែលត្រូវបានធ្វើច្រើនមកហើយ ពីសំណាក់ប្រធានាធិបតី មុនៗ» ។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនេះ អង្គបោះឆ្នោតមានជិត ២០៥លាននាក់។ គូប្រជែងសំខាន់ៗរបស់លោក Subianto គឺសុទ្ធតែជាអតីតថ្នាក់ដឹកនាំខេត្ត មានដូចជា លោក Anies Baswedan និង លោក Ganjar Pranowo ជាដើម។

លទ្ធផលផ្លូវការត្រូវបានគ្រោងថា នឹងប្រកាសនៅខែមីនា ប៉ុន្តែលទ្ធផលបឋម អាចដឹងមុន។

គួរកត់សម្គាល់ដែរថា ឥណ្ឌូនេស៊ីបោះឆ្នោតប្រធានាធិបតី អាណត្តិទី៥ ហើយ ពោលគឺចាប់តាំងពីការបញ្ចប់នៃរបបផ្តាច់ការរបស់លោក Suharto ក្នុងឆ្នាំ ១៩៩៨៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner