គណៈកម្មការអន្តរក្រសួង បើកកិច្ចប្រជុំ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស
(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។

កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់នៃយន្តការរបស់គណៈកម្មការអន្តរក្រសួង ក្នុងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងគុណភាព នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា ទោះនេះជាកិច្ចប្រជុំពេញអង្គលើកទី១ក៏ពិតមែន តែកិច្ចប្រជុំនេះជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាពនៃការសម្រួលការធ្វើដំណើរនាពេលបច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុសដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។

លើសពីនេះទៅទៀត ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ កម្ពុជា-ថៃ បានឯកភាពគ្នា ក្នុងការសម្រួលថ្លៃទិដ្ឋាការដល់ពលករឆ្លងដែនទៅវិញទៅមកសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។ ការណ៍នេះ នឹងជំរុញឱ្យមានចលនាឆ្លងកាត់ព្រំដែនកាន់តែច្រើនបន្ថែមទៀត ដែលទាមទារឱ្យមានការត្រៀមខ្លួនជាមុនក្នុងកិច្ចសម្របសម្រួលឆ្លងកាត់ព្រំដែនឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ៕


អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត