ជប៉ុនផ្តល់ថវិកាជាង ៨សែនដុល្លារ សម្រាប់ក្នុងគម្រោង៣ គឺការបោសសម្អាតមីន ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្មនៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជំនួយឥតសំណងសរុបចំនួន ៨២៨,៥៤៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនបី ក្រោមគម្រោង ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស ជាតិ (ជំនួយឥតសំណងគូសាណូណិ) ។
ពិធីចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាមួយនេះត្រូវបានរៀបចំឡើងនាស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងជាមួយ អ្នកតំណាងស្ថាប័នទទួលជំនួយទាំងបីនៅកម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានថ្លែងថា៖ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុង គម្រោងចំនួន ៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងរបស់គូសាណូណិ។

ឯកឧត្តមបានបញ្ជាក់ថាចំពោះគម្រោងទី១ ដែលអនុវត្តដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ៥១៥,០៦០ ដុល្លារអាមេរិក សម្រាប់ការពន្លឿន និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្នែក លើបញ្ញាសិប្បនិម្មិត (AI) ក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។គេរំពឹងថាគម្រោងនេះ នឹង ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ២០,០០០ នាក់ក្នុងខេត្តទាំងបី។សម្រាប់គម្រោងទី២ ដែលអនុវត្តដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ៨៨,៩០០ ដុល្លារអាមេរិកសម្រាប់ការសាងអគារសិក្សា១ខ្នង ៥បន្ទប់ ដោយបំពាក់គ្រឿងសង្ហារឹមដែលចាំបាច់ នៅសាលាបឋមសិក្សាពីងពង់ ក្នុងខេត្តបាត់ ដំបង។ គេរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦នាក់ តាមរយៈការកែលម្អអោយ កាន់តែប្រសើរឡើងនូវគុណភាពអប់រំ។ចំពោះគម្រោងទី៣ ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ២២៤,៥៨៦ ដុល្លារអាមេរិក សម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជា តម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់ សម្រាប់សហគមន៍កសិកម្ម ចំនួន៤ ក្នុងខេត្តរតនគិរី ។ គេរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ កសិករប្រមាណ ២០០នាក់ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ ប្រាក់ចំណូលរបស់កសិករ។

គួរបញ្ជាក់ថាជំនួយឥតសំណងគូសាណូណិជារបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូរ របស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍ ។ ចាប តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូជាចំនួន ៦៩១គម្រោង នៅទូទាំងប្រទេស កម្ពុជា ៕

ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner