រដ្ឋមន្ត្រីកាបរទេស វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់ជប៉ុន ក្នុងការរួមចំណែក ដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០
(ភ្នំពេញ)៖ រដ្ឋមន្ត្រីកាបរទេស បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ការលើកឡើងរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ។

ក្នុងឱកាសដ៏រីករាយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០២៣ ពិតជាឆ្នាំដ៏ពិសេសសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងជប៉ុនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជា បានលើកកម្ពស់ទំនាក់ទំនង ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មេដឹកនាំនៃប្រទេសទាំងពីរ បានទទួលស្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺស្ថិតក្នុងកម្រិតដ៏ល្អបំផុតពុំធ្លាប់មានពីមុនមក ៕
ដោយ សួង ពិសិដ្ឋ
