អាល្លឺម៉ង់វ៉ាជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបី
ទិន្នន័យផ្លូវការបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា តាមការព្យាករណ៍អាល្លឺម៉ង់នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកលំដាប់ទី៣ ជំនួសជប៉ុន ដែលធ្លាក់ចុះមកលេខ៤ វិញ។
កាលពីឆ្នាំ២០២៣ សម្រាប់ជប៉ុន បើទោះបីជា កំណើនសេដ្ឋកិច្ច មាន១.៩ភាគរយ ប៉ុន្តែផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំរបស់ប្រទេសជប៉ុន គិតជាប្រាក់ដុល្លារ គឺ ៤.២ ពាន់ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល។ រីឯអាល្លឺម៉ង់វិញ ផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំរបស់ខ្លួន មានតម្លៃ ៤.៥ ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខ ដែលបានចេញផ្សាយ កាលពីខែមុន។
អ្នកសេដ្ឋកិច្ចបាននិយាយថា ការផ្លាស់ប្តូរចំណាត់ថ្នាក់នេះត្រូវបានឆ្លុះបញ្ចាំង តាមរយៈការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់យ៉េន។ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះជិតមួយភាគប្រាំ ក្នុងឆ្នាំ ២០២២ និង ២០២៣ ធៀបនឹងរូបិយប័ណ្ណអាមេរិក។
សម្រាប់អាល្លឺម៉ង់វិញ ក៏កំពុងមានវិបត្តិ តួយ៉ាង ក្រិមហ៊ុនផលិតដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ប្រទេសអាឡឺម៉ង់ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយតម្លៃថាមពលកើនឡើង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។
ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតមួយ នៅអឺរ៉ុបនេះក៏ត្រូវបានរារាំងផងដែរ ដោយធនាគារកណ្តាលអឺរ៉ុប ដែលដំឡើងអត្រាការប្រាក់ នៅក្នុងតំបន់អឺរ៉ូ ក៏ដូចជាភាពមិនច្បាស់លាស់លើថវិការបស់ខ្លួន និងកង្វះកម្លាំងពលកម្មជំនាញ ដែលជាបញ្ហាកំពុងមានភាពរ៉ាំរ៉ៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត