ការផ្តល់វគ្គមុខជំនាញមូលដ្ឋានខ្លីៗដល់យុវវ័យក្នុងសហគមន៍ ជាគន្លឹះតម្រង់ ទិសចាប់យកមុខជំនាញពិតប្រាកដនៅថ្ងៃខាងមុខ
បាត់ដំបង៖ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការជាតំណាង ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថាការផ្តល់នូវវគ្គជំនាញមូលដ្ឋានខ្លីៗ ដល់យុវជន យុវនារីក្នុង សហគមន៍កន្លងមកនេះគឺជាគន្លឹះដើម្បីតម្រង់ទិសឱ្យចាប់យក ជំនាញ ពិតប្រាកដសម្រាប់ពេលខាងមុខ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ ឆ្នាំ២០២៤របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ឯកឧត្តម នួន ពេជ្រនិមិត្ត បានបន្ត ទៀត ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទីនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវមុខជំនាញ បច្ចេកទេសបឋមនិង ចំណេះ ដឹងផ្សេងៗបន្ថែមលើមុខរបរបន្ទាប់បន្សំរបស់ខ្លួនដើម្បីបង្កើននូវប្រភពចំណូលក្នុងគ្រួសារ ។
តាមរយៈរបាយការណ៍សកម្មភាពបណ្តុះបណ្តាលរបស់លោកស្រី អយ ដេវី នាយិកាគ្រប់គ្រងនិងលោក វ៉ាន់ ថុល ប្រធានមន្ទីរ អភិវឌ្ឍន៍ ជនបទខេត្តបាត់ដំបង បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវ សារៈសំខាន់ដល់ការបង្កើននូវសមត្ថភាព និង ផ្តល់ឱកាសដល់ក្មួយៗ ជាយុវជន-យុវនារីនិងប្រជាកសិកររស់នៅតំបន់ជនបទដែល ខ្វះនូវ ចំណេះដឹងនិងមុខជំនាញ សម្រាប់ស្វែងរកការងារបន្ថែម ក្រៅពី ការងារកសិកម្មដើម្បី បង្កើនប្រភពចំណូលក្នុងគ្រួសារ៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប