សម្តេចធិបតីរៀបរាប់ពីគម្រោងរៀបចំ «កម្ពុជាឌីជីថល» (Video Inside)
អគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលបំរើការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។
កម្ពុជា និងពិភពលោក កំពុងស្ថិតក្នុងសម័យរីកចំរើនជឿនលឿន នៃបច្ចេកវិទ្យាឌីជីថល ក្នុងនោះបច្ចេកវិទ្យាថ្មីៗ ត្រូវបានបញ្ជ្រាបចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម, ប្រព័ន្ធកំណត់ទីតាំងសកល GPS រហូតដល់បច្ចេកវិទ្យាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Digital Twins ដែលបាននិងកំពុងធ្វើឱ្យពិភពលោកមានការប្រែប្រួលជាខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញនូវមូលហេតុ ដែលកម្ពុជាត្រូវធ្វើសមាហរណកម្មក្នុងបច្ចេកវិទ្យាឌីធីថល និងអ្វីៗទាំងអស់ គឺដើម្បីទិសដៅឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់សម្រាប់ឆ្នាំ២០៥០។
បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរពិភពលោកស្ទើរតែគ្រប់កន្លែងអស់ទៅហើយ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក មិនចាំបាច់ការធ្វើដំណើរចុះឡើងដូចពីមុនទៀតឡើយ ដោយគ្រាន់តែមានទូរស័ព្ទ Smart មួយជាមួយនឹងការភ្ជាប់ទំនាក់ទំនង នៃប្រព័ន្ធ Internet គឺគេអាចធ្វើការប្រាស្រ័យទាក់ទងគ្នាភ្លាមៗបានទៅហើយ។
ម្យ៉ាងទៀតបច្ចេកវិទ្យាឌីជីថលក៏អាចកត់ត្រានូវទិន្នន័យរបស់មនុស្សម្នាក់ៗ ឬមនុស្សច្រើននាក់ និងអាចប្រើប្រាស់លើវិស័យផ្សេងជាច្រើនទៀត ដែលធ្វើឱ្យពិភពលោក លែងក្លាយជាកន្លែងដ៏អាថ៌កំបាំងដូចមុនទៀតឡើយ។