គជបព្រមានចាត់វិធានការច្បាប់ដល់គណបក្សមួយដែលគំរាមសមាជិកក្នុងការបោះឆ្នោត (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានចាត់វិធានការច្បាប់ ចំពោះគណបក្សនយោបាយមួយ ដែលគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ខណៈការបោះឆ្នោតព្រឹទ្ធសភា នឹងមកដល់នៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។
សេចក្តីថ្លែងការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១៥ កុម្ភៈ មិនបានបញ្ជាក់ចំឈ្មោះថា តើគណបក្សនយោបាយមួយណា ដែលបានប្រព្រឹត្តអំពើគំរាមកំហែងនេះឡើយ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានទម្លាយឈ្មោះថា គឺជាគណបក្សភ្លើងទៀន ដែលជាគណបក្សមិនបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ប៉ុន្តែតែងនិយាយបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ធ្វើការបោះឆ្នោតឱ្យគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន។
សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងពេលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាន់តែឈានជិតមកដល់នេះទៀត, សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនមួយចំនួន ត្រូវគេរាយការណ៍ថា បានរងនឹងការគំរាមកំហែង ដើម្បីឱ្យបោះឆ្នោតដល់គណបក្សដែលគេណែនាំ បើពុំដូច្នោះទេ នឹងត្រូវប្រឈមការបណ្តេញចេញ។
សេចក្តីថ្លែងការណ៍របស់គជប បានសរសេរថា យោងតាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា «គ្រប់គណបក្សនយោបាយ, បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ»។
សេចក្តីថ្លែងការណ៍គជប បានសរសេរព្រមានថា «…ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់…ក្នុងករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។