ជប៉ុនផ្តល់ថវិកាជិត ១៥លាន ដល់ការអភិវឌ្ឍន៍កម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៨០ម៉ឺនដុល្លារ ដែលជាជំនួយសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដល់ខេត្តមួយចំនួនរបស់កម្ពុជា។
ថវិកាចំនួន ៨២ម៉ឺន ៨ពាន់ ៥៤៦ដុល្លារ គឺសម្រាប់ការបោសសម្អាតមីនក្នុងខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ និងខេត្តសៀមរាបផង និងសម្រាប់ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្ម នៅខេត្តបាត់ដំបង និងខេត្តរតនគិរី។
ថវិកានេះ ត្រូវបានប្រគល់ក្នុងពិធីចុះហត្ថលេខាមួយ នៅថ្ងៃទី១៥កុម្ភៈ ដោយឯកអគ្គរាជទូតប្រទេសជប៉ុនលោក អ៊ូអិណុ អាត់ស៊ូស៊ី និងអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជាលោក ហេង រតនា។
គួររំលឹកដែរថា ជំនួយឥតសំណងរបស់ជប៉ុនចំនួនជិត ១៤លានដុល្លារ ត្រូវបានប្រគល់មកឱ្យកម្ពុជាផងដែរកាលពីថ្ងៃទី១៤កុម្ភៈ ដើម្បីសាងសង់អគារហ្វឹកហ្វឺនសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារសារមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប។