រកឃើញមនុស្សទី១២ ឆ្លងអុតស្វា (Video Inside)
អ្នកឆ្លងថ្មីនៃជម្ងឺអុតស្វាត្រូវបានរកឃើញជាបន្ថែមទៀត ខណៈដែលប៉ុន្មានថ្ងៃមកនេះ ចំនួនអ្នកឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់។
ក្នុងសប្តាហ៍នេះ បុរសបីនាក់ត្រូវបានរកឃើញឆ្លងវីរុសអុតស្វានេះ ក្នុងរាជធានីភ្នំពេញ…ចំណែកអ្នករកឃើញចុងក្រោយ គឺជាមនុស្សទី៤ហើយ ដែលនាំឱ្យចំនួនអ្នកឆ្លងរកឃើញជាបន្តបន្ទាប់ បានកើនឡើងដល់ ១២នាក់ហើយ។ អ្នកឆ្លងរកឃើញចុងក្រោយនេះ គឺជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ។
ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។
ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូង ក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។
ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។