អ៊ីស្រាអែលកំណត់យកថ្ងៃបុណ្យរ៉ាម៉ាដន វាយលុកទីក្រុង Rafah

ហ្ស៊េរុយសាឡឹម៖ សមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅថ្ងៃអាទិត្យម្សិលមិញ និយាយថា អ៊ីស្រាអែលនឹងបើកការវាយលុកទីក្រុង Rafah នៅខែក្រោយ បើសិនក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ខ្មាំងដទៃទៀត ដែលនៅតែជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា នៅពេលចាប់ផ្តើមពិធីបុណ្យរ៉ាម៉ាដន។

មេទ័ពចូលនិវត្តន៍របស់អ៊ីស្រាអែល លោក Benny Gantz ព្រមានថា ពិភពលោកត្រូវតែដឹង ហើយមេដឹកនាំក្រុមហាម៉ាស់ក៏ត្រូវតែដឹងដែរថា បើសិននៅពេលចាប់ផ្តើមពិធីបុណ្យរ៉ាម៉ាដន ចំណាប់ខ្មាំងរបស់យើងមិនត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញទេ នោះការប្រយុទ្ធនឹងបន្តនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងទីក្រុង Rafah។ រ៉ាម៉ាដន ជាខែដ៏ពិសិដ្ឋសម្រាប់សាសនិកឥស្លាម ឬមូស្លីម ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនាខាងមុខ។

លោក Gantz បានឱ្យដឹងថា ការវាយលុកនេះ នឹងធ្វើឡើងស្ថិតក្រោមការសម្របសម្រួល និង ការពិភាក្សាជាមួយភាគីអាមេរិក និងអេហ្ស៊ីប ដើម្បីជួយសម្រួលដល់ការជម្លៀស និងកាត់បន្ថយចំនួនជនស៊ីវិលបាត់បង់ជីវិត ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ការអត្ថាធិប្បាយរបស់លោក Gantz ធ្វើឡើងបន្ទាប់ពីកិច្ចចរចាលើបទឈប់បាញ់ជាច្រើនសប្តាហ៍មកនេះបានបរាជ័យ។

សូមជម្រាបផងដែរថា ចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,៩៨៥នាក់ ហើយប្រហមាណ ៦៨,៨៨៣នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner