សង្ហិបុរីនឹងកាត់បន្ថយការបំភាយកាបូនក្នុងវិស័យអាកាសចរណ៍ចាប់ពីឆ្នាំ២០២៦

សង្ហិបុរី៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសង្ហិបុរី លោក Chee Hong Tat នៅថ្ងៃចន្ទនេះ ថ្លែងថា មជ្ឈមណ្ឌលអាកាសចរណ៍សិង្ហបុរី នឹងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងរដ្ឋ និងឯកជន ងាកមកប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ហៅកាត់ថា (SAF) ចាប់ពីឆ្នាំ២០២៦ ជាផ្នែកមួយនៃផែនការឧស្សាហកម្មដើម្បីកាត់បន្ថយការបំភាយកាបូន។

លោក Chee បានប្រាប់កិច្ចប្រជុំកំពូល នៃវិស័យអាកាសចរណ៍ថា ដើម្បីចាប់ផ្តើមការអនុម័តការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) យើងនឹងតម្រូវឱ្យជើងហោះហើរចេញពីប្រទេសសិង្ហបុរី ងាកមកប្រើប្រាស់ប្រេងឥន្ធនៈ SAF ចាប់ពីឆ្នាំ២០២៦។ លោក Chee បន្តថា ក្រុមហ៊ុនអាកាសចរណ៍ នឹងតម្រូវឱ្យប្រើប្រាស់ល្បាយឥន្ធនៈយន្តហោះដែលមាន SAF មួយភាគរយនៅឆ្នាំ២០២៦ ហើយបង្កើនបន្តិចម្តងៗដល់ចន្លោះពី ៣ ទៅ ៥ភាគរយនៅឆ្នាំ២០៣០។

រដ្ឋមន្រ្តីដឹកជញ្ជូនសង្ហិបុរីរូបនេះបន្ថែមថា ដោយសារតែប្រេងឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន មានតម្លៃថ្លៃជាងប្រេងឥន្ធនៈធម្មតា ពី ៣ ទៅ ៥ដងនោះ អាជ្ញាធរសង្ហិបុរីនឹងកែសម្រួលការយកពន្ធលើការលក់សំបុត្រយន្តហោះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍។
វិស័យអាកាសចរណ៍បានរ៉ាប់រងការបំភាយឧស្ម័នកាបូនិច (CO2) ពី ២ ទៅ ៣ភាគរយទូទាំងពិភពលោក ហើយវាក៏ជាឧស្សាហកម្មដ៏លំបាកបំផុតមួយ ក្នុងការកាត់បន្ថយការបំភាយកាបូនផងដែរ។

ប្រេងឥន្ធនៈ SAFs ត្រូវបានផលិតចេញពីជីវម៉ាស់ និងធនធានកាកសំណល់ដែលអាចកើតឡើងវិញបាន ហើយអាចរួមបញ្ចូលរហូតដល់ ៥០ភាគរយនៃល្បាយប្រេងឥន្ធនៈយន្តហោះ។ ប្រេងឥន្ធនៈ SAFs ត្រូវបានគេមើលឃើញថា ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់កាត់បន្ថយការបំភាយកាបូនក្នុងវិស័យអាកាសចរណ៍ ប៉ុន្តែបច្ចេកវិទ្យានេះនៅមិនទាន់រីកចម្រើនខ្លាំងនៅឡើយ ហើយការផលិតក៏នៅតែមានតម្លៃថ្លៃដែរ។

គួរបញ្ជាក់ថា អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហៅកាត់ថា (ICAO) បានកំណត់គោលដៅសម្រាប់ឧស្សាហកម្មអាកាសចរណ៍ សម្រេចឱ្យបាននូវការបំភាយកាបូនសូន្យនៅត្រឹមឆ្នាំ ២០៥០ ហើយប្រេងឥន្ធនៈ SAF គឺជាគន្លឹះសំខាន់មួយ ដែលអាចឈានទៅដល់គោលដៅនោះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner