ការសិក្សានៅបរទេសជាក្តីស្រមៃរបស់សិស្ស-និស្សិតមួយចំនួននៅកម្ពុជា
ភ្នំពេញ៖មិនថាពេលណាណាទេ យុវជនកម្ពុជាតែងមានក្តីស្រមើស្រមៃចង់សិក្សាបានខ្ពង់ខ្ពស់ និងពិសេសនោះតែងព្យាយាមស្វះស្វែងដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស ទាំងអាហារូបករណ៍ និងការសិក្សាបង់ថ្លៃ។ប៉ុន្តែការសិក្សានៅក្រៅប្រទេសវាទាមទារនូវសមត្ថភាព។ក្នុងលក្ខខណ្ឌនេះអ្វីដែលសំខាន់ មិនអាចខ្វះបាន គឺចំណេះដឹងភាសាអង់គ្លេស ពីព្រោះថាមានតួនាទីសំខាន់សម្រាប់ការទំនាក់ទំនង ការសិក្សា ការបង្កើតថ្មី ការស្រាវជ្រាវ ការប្រកួតប្រជែង។ល។ក្រៅពីនេះវាក៏ទាមទារនូវចំណេះដឹងមូលដ្ឋានទៅលើមុខជំនាញវិជ្ជាជីវៈនីមួយៗសម្រាប់និស្សិតត្រូវយកទៅសិក្សាផងដែរទើបអាចសម្រេចជោគជ័យ។
នៅក្នុង“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សនិស្សិតកម្ពុជាជាច្រើនបានបង្ហាញពីបំណងចង់សិក្សានៅបរទេស។
លោក ហ៊ុន សុភី ជាអ្នកមានបទពិសោធន៍អាហាររូបករណ៍ និងបច្ចុប្បន្នជាបុគ្គលិកធនាគារមួយកន្លែងបានឱ្យដឹងថា ការទទួលបានអាហាររូបករណ៍ទៅរៀននៅក្រៅប្រទេសជាការល្អប្រពៃណាស់ ។វាក៏ជាក្តីស្រមៃរបស់និស្សិតជាច្រើនចង់បាន។កាលណាយើងបានទៅសិក្សានៅក្រៅប្រទេសបញ្ជាក់ថា យើងមានសមត្ថភាព និងពេលរៀនចប់នឹងទទួលបានចំណេះដឹងទូលំទូលាយ ហើយអាចរកទីផ្សារការងារមួយល្អជាងអ្នកដទៃ។
លោកបន្តថា ការទទួលបានបទពិសោធន៍ទៅរៀននៅក្រៅប្រទេស វាជាឱកាសមួយដ៏កម្រ ពីព្រោះថាទាំងការសិក្សា និងបទពិសោធន៍នៃជីវិតដែលអាចយកមកប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទៅថ្ងៃខាងមុខឃើញថាល្អ។ចំណេះដឹងខ្លះវាអាចមិនមាននៅប្រទេសយើង តែវាមាននៅប្រទេសគេ។ទាំងអស់នេះប្រាកដណាស់ធ្វើឱ្យយើងទទួលបានចំណេះដឹងមួយដ៏ល្អសម្រាប់ការប្រើប្រាស់ជីវិតការងាររបស់យើង។
ដូចគ្នានេះដែរ កញ្ញា វីណា បានឱ្យដឹងថា បើមានឱកាសទៅសិក្សានៅបរទេសជារឿងមួយដ៏ល្អពីព្រោះថា វាផ្តល់នូវចំណេះដឹងមួយជ្រៅជ្រះពិសេសប្រទេសដែលមានភាពជឿនលឿនជាងប្រទេសយើង។និស្សិតម្នាក់ៗ អាចទួលបានចំណេះដឹងថ្មីៗ។ កត្តាទាំងនេះហើយធ្វើឱ្យយើងអាចកសាងជីវិតមួយដ៏ល្អ និងពោរពេញទៅដោយសមត្ថភាព។ក្រៅពីនេះចំពោះភាសាបរទេសពិសេសអង់គ្លេសយើងអាចប្រើបានទូលំទូលាយ និងប្រកបដោយគុណភាពផង។
កញ្ញា ឆន មីលីតា និស្សិតមួយរូបនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបាននិយាយថា វាជាបទពិសោធន៍មួយល្អផងដែរសម្រាប់និស្សិតរៀននៅក្រៅប្រទេសពីព្រោះថាយើងនឹងបានទទួលចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។សិស្សនិស្សិតគ្រប់រូបត្រូវតែស្រវាចាប់បើក្នុងករណីមានអាហាររូបករណ៍ទៅក្រៅប្រទេសពីព្រោះថាយើងអាចកាត់បន្ថយបន្ទុកក្នុងការចំណាយថវិការឪពុកម្តាយ និងក្រៅពីនេះយើងក៏ទទួលបានចំណេះដឹងខ្ពង់ខ្ពស់ថែមទៀត។
ដោយឡែក កញ្ញា ផៃស៊ីមហួយ និស្សិតមួយរូបនៃសាកលវិទ្យាល័យជាមួយកញ្ញា ឆន មីលីតា ដែរបានឱ្យដឹងថា “ខ្ញុំចង់ឱ្យប្អូនៗក៏ដូចជានិស្សិតដទៃទៀត បើចង់បានទទួលអាហាររូបករណ៍ឬចេញទៅសិក្សាក្រៅប្រទេសចាំបាច់ត្រូវត្រៀមខ្លួនពង្រឹងទៅលើផ្នែកភាសា ។ពិសេសចំណេះដឹងទូទៅដែលជាមុខជំនាញយើងចង់សិក្សា។បើយើងធ្វើបានដូច្នេះនៅពេលទៅសិក្សាប្រទេសគេ នឹងមិនជួបការលំបាកច្រើនទេ”។
កញ្ញា មី លី សិស្សសាលាប៊ែលធីមួយរូបបានលើកឡើងទាក់ទិននឹងការចេញទៅរៀនក្រៅប្រទេសថា វាជាឱកាសល្អដែលសិស្សត្រូវតែចេះត្រៀមខ្លួនតាំងតែពីថ្នាក់វិទ្យាល័យទៅ។ក្នុងនេះត្រូវពង្រឹងទាំងភាសា និងមុខជំនាញយើងចង់សិក្សា ។ការត្រៀមខ្លួនបានល្អទុកជាមុនវាធ្វើឱ្យសិស្សបញ្ចប់ថ្នាក់បាក់ឌុបមិនជួបការលំបាកសម្រាប់ការស្វែងរកអាហាររូបករណ៍ និងក៏ដូចជាសិក្សាបង់ថ្លៃនៅក្រៅប្រទេស។
យុវជន វង់ លីហួរ មកពីសាលាប៊ែលធី បាននិយាយថា សិស្សជាទូទៅត្រូវសិក្សាស្វែងយល់ពីសាកលវិទ្យាល័យដែលខ្លួនត្រូវរៀន ហើយត្រូវកំណត់គោលដៅច្បាស់លាស់ដើម្បីនៅពេលបញ្ចប់បាក់ឌុប ងាយរកសាកលវិទ្យាល័យដែលខ្លួនមានបំណងចូលរៀន។អ្វីដែលពិសេសជាងនេះបើសាកលវិទ្យាល័យនៅក្រៅប្រទេស យើងមានបំណងទៅសិក្សាក៏ត្រូវសិក្សាស្វែងយល់ឱ្យបានមុនដូចគ្នា។
ដោយឡែក ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ក្នុងមួយឆ្នាំៗប្រទេសថៃបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ១០០នាក់ ហើយឆ្នាំនេះមានចំនួន៨០នាក់ផងដែរ និងពេលនេះនឹងមានសាកលវិទ្យាល័យមួយចំនួនទៀតកំពុងប្រកាសទទួលអាហាររូបករណ៍ពីប្រទេសកម្ពុជាជាបន្តបន្ទាប់”។
ឯកឧត្តមបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ននេះមាននិស្សិតកម្ពុជារាប់ពាន់នាក់ហើយ ដែលបានបន្តការសិក្សានៅប្រទេសថៃ ដែលភាគច្រើននិស្សិតកម្ពុជាសិក្សាលើជំនាញ ពាណិជ្ជកម្ម វិស្វកម្ម និងជំនាញភាសាថៃជាដើម។
ចំណែកលោកបណ្ឌិត ស៊ូមេត ផឺមវង្សអីសវ៉ា អ្នកគ្រប់គ្រង ប្រចាំសាលា MSME BUSINESS SCHOOL និងសាកលវិទ្យាល័យASSUMPTIONបានឱ្យដឹងថា ការមកចូលរួម”ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤”នៅកម្ពុជានេះដើម្បីទាក់ទាញនិស្សិតកម្ពុជាបានចូលរៀននៅប្រទេសថៃ។
លោកបណ្ឌិតបន្ថែមថា សម្រាប់សាកលវិទ្យាល័យរបស់លោកបានទទួលភាពល្បីល្បាញឈ្មោះយូរឆ្នាំមកហើយ និងនិស្សិតកម្ពុជាក៏បានស្គាល់ផងដែរ។កន្លងមកមាននិស្សិតកម្ពុជាបានចូលរៀននិងបញ្ចប់សិក្សានៅសាកលវិទ្យាល័យរបស់លោកជាង២០០នាក់មកហើយដែរ។
ដោយឡែក កញ្ញា ហ្វាទិម៉ាយ៉ិនជីត អ្នកគ្រប់គ្រងមួយរូបប្រចាំសាកលវិទ្យាល័យ Phuket Rajabhatបានឱ្យដឹងថា ការមកចូលរួម”ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤”នៅកម្ពុជានេះដើម្បីផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានិងក៏ដូចជាទាក់ទាញឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសថៃ។វាជាឱកាសល្អៗដល់និស្សិតចង់សិក្សានៅប្រទេសថៃ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ លោក វ៉េង លឹម ហ៊ួត