កាកបាទក្រហមកម្ពុជា ពិភាក្សាស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម»
ភ្នំពេញ៖ ឆ្នាំ២០២៤នេះ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។
ដើម្បីចូលរួមអបអរសាទរទិវានេះ កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» ដោយមានការបកស្រាយពីវាគ្មិន ជាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤រូប ក្រោមការសម្របសម្រួលកិច្ចពិភាក្សាដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចពិភាក្សានេះ គឺ ៖ ទី១. អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ និងរំលឹកឡើងវិញ នូវកាលបរិច្ឆេទដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ កុម្ភៈ ២០១១។ ទី២. ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនរួមជាតិ ជាពិសេសយុវវ័យស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម»។ និងទី៣. គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍមូលធនមនុស្ស ដែលប្រកបដោយសុខភាពល្អ និងមានសមត្ថភាព។
សូមបញ្ជាក់ជូនថា ខ្លឹមសារទាំងស្រុងនៃកិច្ចពិភាក្សាខាងលើនេះ នឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា នៅថ្ងៃទី ២០-២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ៖ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» ៕
ដោយ / គ្រី សម្បត្តិ