ឯកឧត្តមអភិសន្តិបណ្ឌិត និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តការ នៅកម្ពុជា រួមទាំងជាមួយក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB)នៅកម្ពុជាបានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។

នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤នេះ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ទាំងឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកក្នុងគម្រោងមួយចំនួន ដែលក្នុងនោះរួមមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗ នេះ, ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិកផងដែរ។

លោកស្រី Maryam Salim បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នូវការកោតសរសើរឥតឈប់ឈរពីសំណាក់ WB ចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។ ភាគីទាំងពីរក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថាកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេល ខាងមុខបន្តទៀត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យ សុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហការ ព្រមទាំងបន្ត អនុវត្តគម្រោងដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុក៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner