អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃ ប្រាសាទមេបុណ្យខាងកើត
ភ្នំពេញ៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារ ខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ថាការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
គួរបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕
ដោយ៖ម៉ាដេប៉ូ