ពលករខ្មែរនៅថៃ និងកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តី លើការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័នរដ្ឋ
(ភ្នំពេញ)៖ ពលករខ្មែរនៅថៃ និងកូរ៉េខាងត្បូង គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ។
កញ្ញា សួន ស្រីនិច្ច ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ និយាយថា៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការធ្វើតេស្តរកសារជាតិញៀន ទៅលើមន្រ្តីរាជការគ្រប់ស្ថាប័ន និងបណ្តេញមន្រ្តីចេញពីក្របខណ្ឌ ប្រសិនបើរកឃើញថាមានសារជាតិញៀន ។
អ្នកស្រី ឡូន ស្រី ជាពលករខ្មែរកំពុងធ្វើការនៅខេត្តប៉ះធុមថានី ប្រទេសថៃ ក៏បានលើកឡើងដែរថា៖ ក្នុងនាមជាកូនខ្មែរមួយរូប សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើតេស្តរកសារធាតុញៀន ជាប្រចាំចំពោះមន្រ្តី នៅតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ចំណែកលោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសេចក្តីប្រកាស អំពីការលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាខ្ញុំបាទនិងក្រុមគ្រួសារសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ»។
ដោយឡែក លោក វេន សាម៉ែន ជាពលករខ្មែរម្នាក់ទៀត ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េក៏បានលើកឡើងដែរថា៖ ខ្ញុំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់បញ្ជាឱ្យមានការត្រួតពិនិត្យ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា ។
ទាំងពលករខ្មែរដែលធ្វើការនៅថៃ និងពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺដើម្បីធានាធ្វើយ៉ាងណាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារនៅតាមស្ថាប័នក្រសួងនៅកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជា តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ៕
ដោយ ៖ វណ្ណលុក