អង់គ្លេសទាត់ចោលការទាមទារផ្អាកនាំចេញអាវុធទៅអ៊ីស្រាអែល
ឡុងដ៍៖ តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ នៅថ្ងៃអង្គារនេះ បានច្រានចោលញត្តិ ដែលស្នើឱ្យផ្អាកការនាំចេញសព្វាវុធរបស់អង់គ្លេសទៅកាន់ប្រទេសអ៊ីស្រាអែល។
សម្ព័ន្ធនៃក្រុមតស៊ូមតិផ្នែកច្បាប់ កាលពីខែមករា បានស្នើឱ្យតុលាការជាន់ខ្ពស់អង់គ្លេស ពន្លឿនការត្រួតពិនិត្យផ្នែកច្បាប់ លើការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបន្តលក់គ្រឿងបន្លាស់ និងសព្វាវុធយោធាទៅឱ្យអ៊ីស្រាអែល។ លក្ខណៈវិនិច្ឆ័យអាជ្ញាបណ្ណជាយុទ្ធសាស្រ្តរបស់ចក្រភពអង់គ្លេសចែងថា សព្វាវុធមិនគួរនាំចេញទៅកាន់ប្រទេស ដែលប្រើប្រាស់រំលោភច្បាប់មនុស្សធម៌អន្តរជាតិ។
អ្នកតវ៉ាទៅកាន់តុលាការ ដែលដឹកនាំដោយក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីន Al-Haq រួមទាំងបណ្តាញសកម្មភាពច្បាប់សកល (GLAN) បានអះអាងថា រដ្ឋាភិបាលអង់គ្លេសមិនអើពើនឹងច្បាប់របស់ខ្លួន ក្នុងជម្លោះនៅតំបន់ហ្គាហ្សា។ ទោះបីជាយ៉ាងណា តុលាការអង់គ្លេសនៅតែច្រានចោលការជំទាស់តវ៉ានេះ ហើយក្រុមមេធាវីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ សាលាឧទ្ធរណ៍នៅទីក្រុងឡាអេ បានសម្រេចថា ប្រទេសហូឡង់នឹងបញ្ឈប់ការផ្តល់គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដែលអ៊ីស្រាអែលប្រើប្រាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែគ្រឿងបរិក្ខាទាំងនោះ អាចនឹងត្រូវប្រើប្រាស់ មានជាប់ពាក់ព័ន្ធនឹងបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា