សមាគមបារាំង បន្តជួយលើកកម្ពស់ភាសាបារាំង និង ពិនិត្យសុខភាពជូន ពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ សមាគមបារាំង មីសស្យុង ស្តា អាស៊ី (Association Mission Stage Asie) ដែលជាសមាគមជួយប្រជាពលរដ្ឋខ្មែរតាមរយៈការលើកកម្ពស់ភាសាបារាំង និងការផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះផ្តល់ការពិគ្រោះ និងជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ បានបញ្ជាក់ពីគោលជំហរ ចំពោះការបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តជាបន្ដទៀត ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_17-26-59-1024x682.jpg)
នេះបើយោងតាមការលើកឡើងរបស់ លោកស្រី ឆាកឡុត រ៉ូឌីយ៉ង់(Charlotte RODIEN ) អនុប្រធានសមាគម Association Mission Stage Asie ក្នុងជំនួបសម្តែងការគួសមនិង ពិភាក្សាការងារ ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិកិច្ច ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_17-27-02-1024x722.jpg)
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានរំលឹកអំពីកិច្ចសហប្រតិបត្តិការ ល្អប្រសើរលើគ្រប់វិស័យ រវាង កម្ពុជា និង បារាំង ដែលបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្ត និងបានជម្រាបជូនអំពីទស្សនកិច្ចផ្លូវការដ៏ជោគជ័យយ៉ាងត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅបារាំងកាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_17-27-03-1024x682.jpg)
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមាន សភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ ៕
ដោយ ហេង សម្បត្តិ
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_17-26-58-1024x770.jpg)
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-21_17-27-07-1024x682.jpg)