កាកបាទក្រហមកម្ពុជា អប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម នៅស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ
(ខេត្ដឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារអតីតយុទ្ធជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស ១៥០នាក់ រស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” ឈានឆ្ពោះទៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ដែលកម្មវិធីនេះរៀបចំដោយកាកបាទក្រហមកម្ពុជា ។

លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានលើកឡើងថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

សកម្មភាពដំដំបូងនោះគឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមសហគមន៍គោលដៅចំនួន ៧៥០នាក់ និងយុវជនកាកបាទក្រហមចំនួន ១០៥០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ។ មកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ២.១៥៣.០៧២នាក់ បានចូលរួមយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

លោកជំទាវបានបន្តថា គិតត្រឹម ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សរុបបានចំនួន ៨.៦៥៩គ្រួសារ ក្នុងនោះគ្រួសារអតីតយុទ្ធជនពិការ ៣.១២៤គ្រួសារ មាននៅខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

បន្ទាប់មក លោកជំទាវ ហួន ច័ន្ទបូរ៉ា និងក្រុមការងារបានបន្តចុះសំណេះសំណាល សួរសុខទុក្ខដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋងាយរងហានិភ័យ និងរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអ្នកទទួលផលពីកម្មវិធីប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ចំនួន ៣គ្រួសាររស់នៅឃុំត្រពាំងប្រិយ៍ ១គ្រួសារ និង ២គ្រួសាររស់នៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានផ្តល់ជូន អំណោយមនុស្សធម៌ មួយចំនួន ផងដែរ ៕
ដោយ / គ្រី សម្បត្តិ
