កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ចាប់ផ្តើម ផ្តោតសំខាន់លើហ្គាហ្សា និងអ៊ុយក្រែន

នៅថ្ងៃពុធនេះ បណ្តារដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើលោក ឬ ហៅកាត់ថា G20 បានចាប់ផ្តើមកិច្ចប្រជុំ រយៈពេល២ថ្ងៃរបស់ខ្លួន ដោយលើកយកបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ នៅហ្គាហ្សា និង សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មកធ្វើជារបៀបវារៈធំ។

កិច្ចប្រជុំនេះត្រូវបានគេរៀបចំឡើង នៅប្រទេសប្រេស៊ីល ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov មានវត្តមានចូលរួម ប៉ុន្តែ ភាគីចិនត្រូវបានគេលើកឡើងថា អវត្តមាន។

ជុំវិញបញ្ហាហ្គាហ្សា ដែលអូសបន្លាយ ៤ខែមកហើយនោះ លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល ជាប្រទេសម្ចាស់ផ្ទះ ទើបបានលើកឡើងថា អ៊ីស្រាអែលកំពុងធ្វើអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា នាំឲ្យអ៊ីស្រាអែលខឹងសម្បារជាខ្លាំង រហូតកោះហៅឯកអគ្គរដ្ឋទូតប្រេស៊ីលទៅដោះស្រាយទៀតផង ហើយការណ៍នេះរឹតតែដុតកម្តៅថែមទៀត។ លោក Lula ចាត់ទុកវេទិការដ្ឋមន្ត្រីការបរទេស G20 នេះ មានសមត្ថភាពខ្លាំងបំផុត ដើម្បីមានឥទ្ធិពលវិជ្ជមានលើរបៀបវារៈអន្តរជាតិ។

ជុំវិញរឿងអ៊ុយក្រែន និងរុស្ស៊ីវិញ នឹងឈានចូលដល់ ២ឆ្នាំគត់ នៅថ្ងៃទី២៤ កុម្ភៈ។ ទស្សនវិស័យពិភពលោកក៏មិនឃើញថា មិនថមថយ ដូចករណីនៅហ្គាហ្សា ដូចគ្នា ត្បិតអី គេចាំបានថា ទោះបីជាមានការជំរុញពីបណ្តាប្រទេសលោកខាងលិចឱ្យក្រុមនេះ ថ្កោលទោសការឈ្លានពានរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ក៏ដោយ ក៏កិច្ចប្រជុំកំពូលចុងក្រោយរបស់ G20 ដែលបានធ្វើឡើង នៅទីក្រុងញូវដេលី កាលពីខែកញ្ញាបានបញ្ចប់ដោយសេចក្តីថ្លែងការណ៍ដ៏ស្រពិចស្រពិល។ ពួករដ្ឋមន្ត្រី G20 ដែលមានទាំង ក្រុមប្រទេសរីកចម្រើនបំផុត ទាំង៧ ឬ G7 ដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងរៀបចំកិច្ចប្រជុំលម្អិតលើប្រធានបទនេះ នៅថ្ងៃសៅរ៍ ពោលគឺចំខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner