លោក Trump ធៀបរឿងខ្លួននឹងករណីមេបក្សប្រឆាំងនៅរុស្ស៊ីដែលទើបស្លាប់

លោក Donald Trump កាលពីថ្ងៃអង្គារ បានប្រៀបធៀបបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងការធ្វើទុក្ខបុកម្នេញ លើឥស្សរជនប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលបានស្លាប់ នៅក្នុងពន្ធនាគារ កាលពីសប្តាហ៍មុន។

នៅក្នុងការបង្ហាញខ្លួន រយៈពេលមួយម៉ោង ដែលបានចាក់ផ្សាយ នៅលើ Fox News លោក Trump ថា ការផាកពិន័យ ចំនួន ៣៥៥លានដុល្លារ ប្រឆាំងនឹងរូបលោក នៅក្នុងការកាត់ក្តីនៅញូវយ៉ក នោះ «ជាការក្លែងបន្លំ»។ លោកនិយាយបន្ថែមថា «វាជាទម្រង់នៃករណីលោក Navalny» និងជា«វាជាទម្រង់នៃលទ្ធិកុម្មុយនិស្ត ឬ ហ្វាស៊ីស និយម៕

ទោះយ៉ាងណា លោកត្រាំ បានបដិសេធ មិនរិះគន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការស្លាប់ដែលមិនអាចពន្យល់បាន របស់មេបក្សប្រឆាំងរុស្ស៊ីលោក Navalny ទេ។

គួរបញ្ជាក់ថា លោក Navalny បានស្លាប់ភ្លាមៗ នៅអាយុ ៤៧ឆ្នាំ នៅក្នុងគុក Arctic ។ ជាមរណៈភាព ដែលធ្វើលោកខាងលិច រួមទាំង លោកប្រធានាធិបតីអាមេរិក Joe Biden បានស្តីបន្ទោសវិមានក្រឹមឡាំង ជាខ្លាំង។ លោក Biden អះអាងថា នៅថ្ងៃសុក្រ សប្តាហ៍នេះ អាមេរិកនឹងប្រកាសពីទណ្ឌកម្មថ្មីមួយ ដាក់លើរុស្ស៊ី ជុំវិញការស្លាប់លោក Navalny៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner