សមាជិកសភាប្រទេសនូវែលសេឡង់ស្លាប់ កំលុងពេលរត់ ដើម្បីសប្បុរសធម៌

សមាជិកសភាម្នាក់ នៃប្រទេសនូវែល សេឡង់ បានស្លាប់ភ្លាមៗ ខណៈពេលដែលលោកចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ នាថ្ងៃពុធនេះ។

លោក Efeso Collins ដែលទទួលមរណៈភាព ក្នុងវ័យ៤៩ឆ្នាំ រូបនេះ បានដួលក្នុងអំឡុងពេលចូលរួមកម្មវិធីរត់ដើម្បីមនុស្សធម៌ Water Run នៅទីក្រុង Auckland ដែលរៀបចំសម្រាប់មូលនិធីនាំយកទឹកស្អាតដល់កុមារ នៅប៉ាស៊ីហ្វិក។ គណបក្សបៃតង ឬ Greens Party បានឲ្យដឹងថា មរណៈភាពរបស់លោកទាក់ទងនឹងបញ្ហាបេះដូង ហើយក្រុមគ្រូពេទ្យនៅនឹងកន្លែងបានខិតខំជួយសង្គ្រោះដែរ តែជួយមិនទាន់។

គួរបញ្ជាក់ថា លោក Collins គឺជាជនជាតិ សាម៉ូអា (Samoa) ដើមកំណើត នូវែលសេឡង់។ លោកបានឈ្នះអាសនៈសម្រាប់ តំបន់ អកឡេន ខាងកើត ក្នុងការបោះឆ្នោតសកល កាលពីខែតុលា ឆ្នាំមុន។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បាននិយាយថា លោកពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយខ្លាំងណាស់។ លោក Luxon បានបន្ថែមថា លោក Efeso គឺជាមនុស្សល្អ រួសរាយរាក់ទាក់ និងចិត្តល្អ និងជាអ្នកតស៊ូមតិ សម្រាប់សហគមន៍ សាម៉ូអា និង អគឡេនខាងត្បូង។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner