ថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗទៀតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន។

គ.ជ.ប បានបញ្ជាក់ថា ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ឃើញថា៖
-គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅគ្រប់ភូមិភាគ។
-គណបក្សឆន្ទៈខ្មែរ បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តព្រៃវែង នៃភូមិភាគទី៦ ។
-គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយ នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ និងបានជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨ ។
-គណបក្សកម្លាំងជាតិ បានជួបប្រជុំនៅខេត្តស្ទឹងត្រែង នៃភូមិភាគទី៨។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមមាត្រា១៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង៨៕

ads banner