ឯកឧត្តម ញឹក ប៊ុនឆៃ គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបញ្ជាក់ច្បាស់ៗថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងការចេញបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ សូមគាំទ្រប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះចំណាត់ការនេះ ជាពិសេសនៅក្នុងជួរមន្ត្រីរាជការនៅក្នុងរាជរដ្ឋាភិបាលដែលមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រហូតដល់មានការបណ្តេញចេញពីក្របខ័ណ្ឌដែលបានអនុវត្តជាបន្តបន្ទាប់។ នេះគឺជាចំណុចល្អប្រសើរមួយអ្នកដែលមានពាក់ព័ន្ធបញ្ហាគ្រឿងញៀនត្រូវបានបោសសម្អាតចេញនៅក្នុងជួរក្របខណ្ឌនៃមន្ត្រីរាជការ។ ឯកឧត្តមបានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធគ្រឿងញៀននេះអាចប្រព្រឹត្តនៅសកម្មភាពមួយចំនួនដែលអាចផ្ទុយនឹងច្បាប់ ក៏ដូចជាមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ឬក៏មន្ត្រីដទៃដែលស្អាតស្អំ។ ដូច្នេះហើយលោកឃើញចំណាត់ការនេះ គឺពេញចិត្ត ហើយសង្ឃឹមថា ការអនុវត្តវិធានការនេះ នឹងមានជាបន្តបន្ទាប់រហូតដល់ធ្វើឱ្យមន្ត្រីរាជការនៅក្នុងជួររាជរដ្ឋាភិបាលស្អាតស្អំមិនមានពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន។

សូមជម្រាបថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខណ្ឌអត់ទុកទេ។ ដើម្បីពង្រឹងវិន័យការឯកភាពក្នុងការអនុវត្តមន្ត្រីរាជការ ទាំងកងកម្លាំងប្រាដប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា យើងជាគំរូគេដើម្បីទៅអនុវត្តយើងត្រូវចាប់ផ្តើមអនុវត្តសម្អាតផ្ទះយើងតែម្តង គឺថាអត់មានការអនុគ្រោះនៅក្នុងជួររដ្ឋាភិបាលទៀតទេក្នុងការប្រើប្រាស់គ្រឿងញៀន៕
ដោយ៖ពលជ័យ

ads banner