គណបក្សនយោបាយជាច្រើនគាំទ្របទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

គណបក្សនយោបាយជាច្រើននៅកម្ពុជា បានធ្វើញត្តិគាំទ្របទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សនយោបាយទាំងនោះយល់ឃើញថា គ្រោះថ្នាក់បណ្តាលមកពីឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន នៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នេះ បណ្តាគណបក្សនយោបាយ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានបន្តចាត់ទុកការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាអាទិភាពរបស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ផងដែរ។

គណបក្សនយោបាយយល់ស្របនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានលើកឡើង យើងរៀបចំមន្ត្រីរាជការទាំងអស់ មិនចំពោះតែកងកម្លាំងប្រដាប់អាវុធ ទាហាន នគរបាល កងរាជអាវុធហត្ថនោះទេ។ គណបក្សនយោបាយទាំងនេះ មានទស្សនវិស័យកសាងមាតុភូមិមួយ ដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ ដោយប្រកាន់យកឥរិយាបថនយោបាយមជ្ឈិមាបដិបទា ផ្លូវកណ្តាល និងស្មារតីទទួលខុសត្រូវ ចូលរួម ដោយយើង របស់យើង ដើម្បីជាតិយើង៕

ads banner