កងទ័ពមួកខៀវកម្ពុជាចេញបំពេញបេសកកម្ម MINUSCA (Video Inside)
កងទ័ពមួកខៀវកម្ពុជាចំនួន ៩៨នាក់ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជានាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា កងទ័ពមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកម្ម «មីនូស្កា» MINUSCA នាពេលនេះ គឺកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលប្តូរវេនក្រុមទីមួយរបស់កម្ពុជា បន្ទាប់ពីបានបញ្ចប់បេសកកម្ម និងបានវិលត្រឡប់មកមាតុប្រទេសវិញ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
បេសកម្ម «មីនូស្កា» នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺបេសកកម្មមួយដែលត្រូវបាន គេដាស់តឿនការប្រុងប្រយ័ត្នសុវត្ថិភាពគ្រប់ពេលវេលា ដោយសារតែសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសដែលមានសង្គ្រាមស៊ីវិល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានរំលឹកប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតែងដាស់តឿននូវពាក្យថា «ទៅគ្រប់មកគ្រប់» ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយ ក្នុងការបំពេញបេសកកម្មអន្តរជាតិនេះឡើយ។
កម្ពុជា ក្នុងរយៈពេល១៨ឆ្នាំមកនេះ បានបញ្ជូនកងកម្លាំងមួកខៀវចេញក្រៅប្រទេសសរុប ៩ពាន់ ៤៦៥នាក់ ក្នុងនោះនារី ៨០១នាក់ ទៅកាន់ ១២បេសកកម្មក្នុង ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។