សៀមរាបរៀបចំបុណ្យទន្លេលើកទី៨ រវាងពីថ្ងៃទី១៦ ដល់១៧មីនា (Video Inside)
កម្ពុជាត្រៀមរៀបចំបុណ្យទន្លេលើកទី៨ ដែលគ្រោងនឹងធ្វើនៅក្នុងខេត្តសៀមរាប។ យោងតាមក្រសួងទេសចរណ៍បុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប នឹងប្រារព្ធធ្វើឡើងរវាងពីថ្ងៃទី១៦ ដល់១៧ មីនា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងទេសចរណ៍ថ្ងៃទី២១កុម្ភៈបានសរសេរថា «គោលបំណង នៃការព្រឹត្តិការណ៍បុណ្យទន្លេនេះ គឺដើម្បីចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្ដភាព និងភាពកក់ក្ដៅ»។
ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាប នឹងធ្វើនៅលើទីតាំងសួនច្បារកន្លែងហាត់ប្រាណ ជិតព្រះរាជដំណាក់ និងនៅតាមដងស្ទឹងសៀមរាប។ ព្រឹត្តិការណ៍នេះ នឹងមានការរៀបចំទស្សនីយភាពសិល្បៈ, ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ដូចជាការប្រណាំងកង់, ការរត់កម្សាន្ត, ការប្រណាំងទូក និងការប្រកួតវាយកូនគោលជាដើម។
បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧, នៅក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០១៨, នៅកំពង់ឆ្នាំង ឆ្នាំ២០១៩, នៅបាត់ដំបង ឆ្នាំ២០២០, នៅកំពង់ធំ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប។