មន្ត្រីជំនាញ៖ ល្បែងផ្សងសំណាង គឺជាប្រភេទល្បែងដែលអាចលេង បាន ព្រោះមិនមែនជាប្រភេទស៊ីសង
ភ្នំពេញ៖ ល្បែងផ្សងសំណាង គឺជាប្រភេទល្បែងដែលច្បាប់អនុញ្ញាត ឱ្យប្រជាពលរដ្ឋខ្មែរលេងបាន ។ មូលហេតុដែលច្បាប់ អនុញ្ញាត ឱ្យ ប្រជាពលរដ្ឋលេងបាន ព្រោះវាជាប្រភេទផ្សងសំណាង មិនមែនជា ប្រភេទស៊ីសង។ មិនមែនជាការភ្នាល់។ មិនមែនជាការលេង កាស៊ីណូ ។ដូចនេះហើយនៅក្នុងក្របខ័ណ្ឌនៃប្រភេទល្បែងផ្សងសំណាង គឺពលរដ្ឋ ខ្មែរអាចលេងបាន ដោយផ្អែកលើសំណាង ។ នេះជាការបញ្ជាក់ របស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក្នុងកិច្ចប្រជុំពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមផ្សេងៗរវាង គ.ល.ក., អាជ្ញាធរ, និងប្រតិបត្តិករ ។

ឯកឧត្តម រស់ ភីរុណ បន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២០ មានគោលបំណង ធ្វើយ៉ាងណា ដើម្បីឱ្យមានភាពរីកចម្រើនសេដ្ឋកិច្ច, បង្កើតការងារ, លើកកម្ពស់វិស័យ ទេសចរណ៍, ប៉ុន្តែត្រូវរក្សាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ដូច្នេះនៅក្នុងក្របខ័ណ្ឌនៃល្បែងផ្សងសំណាងនេះ មកដល់ពេលនេះ បើនិយាយពីសេដ្ឋកិច្ច វាជាចំណុច ទើបតែចាប់ផ្ដើមនោះទេ មិនទាន់ មាន ការរីកចម្រើនអ្វីជាដុំកំភួនទេ ព្រោះថា ប្រជាពលរដ្ឋក្រោយពីងើប ចេញពីវិបត្តិ កូវីដ មក យើងទើបនឹងចាប់ផ្ដើម ។ដូច្នេះការការអនុវត្ត ប្រតិបត្តិ ការល្បែងផ្សងសំណាងនេះ ក៏ទើបនឹងចាប់ផ្ដើមដែរ ហើយនៅ ពេលដែលចាប់ ផ្ដើមមកភ្លាមនេះ នៅមានការគិតមិនបានច្បាស់លាស់ រវាង គ្រប់ភាគី ដែលត្រូវចូលរួមអភិវឌ្ឍន៍បន្ថែមទៀត ។

ឯកឧត្តម រស់ ភីរុណ បានបន្ថែមថា កិច្ចប្រជុំពិភាក្សានេះ ក៏ទទួលបាន ធាតុចូលច្រើន ហើយរំពឹងថា នឹងមានការយល់គ្នាច្រើន ដែលធ្វើឱ្យ ការគ្រប់គ្រងវិស័យនេះមានភាពរីកចម្រើន មានន័យថា វិស័យនេះ មានភាពរីកចម្រើន គឺសំដៅដល់ការគ្រប់ គ្រងបាន ល្អប្រសើរ មានផល ចំណូលសេដ្ឋកិច្ច ហើយនិងមិនមានផលប៉ះពាល់សង្គម ឬក៏មានផល ប៉ះពាល់សង្គមដែរ តែវាកាត់បន្ថយជា អតិបរមា ។
សូមជម្រាបថា ក្រុមហ៊ុនល្បែងផ្សងសំណាងនៅកម្ពុជា គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញ អាជ្ញាបណ្ណឱ្យ ក្រុមហ៊ុន តែចំនួន២១ ដែលមានសាខាចំនួន៤៥ និងប៉ុស្តិ៍សេវាចំនួន ៩០ ប៉ុណ្ណោះ ។ តែផ្ទុយទៅវិញកិច្ចប្រតិបត្តិការជាក់ស្តែង មានរហូតទៅដល់ រាប់ពាន់កន្លែង ដែលនេះ វាអាចប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ ត្រូវតែធ្វើការ ត្រួតពិនិត្យឱ្យបានច្បាស់លាស់ ។ នេះជាការគូសបញ្ជាក់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា នាពិធីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការគ្រប់ គ្រងល្បែងផ្សងសំណាងនៅកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត