ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា

គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សប្រជាជនកម្ពុជា បានបន្តថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ads banner