ឯកឧត្តម សោម សូរីដា ៖ រយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនា​រកសំឡេងឆ្នោត ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជី​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ បានធ្វើសកម្មភាព​ឃោសនា​រកសំឡេងឆ្នោតតាមមធ្យោបាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ ។

ឯកឧត្តម សោម សូរីដា បានបន្តថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ អាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមបានដូច​ខាងក្រោម៖
គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័តតាមភូមិជាដើម។

ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមប្រកួត​ប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

លើសពីនេះ យើងបានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប់លាប់មក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការ​ធ្វើ​សកម្មភាពឃោសនាដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួល​ចរាចរតាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាជាដើម។

ជារួមផ្អែកតាមរបាយការណ៍ដូចខាងលើ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោត​របស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់​អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ។

គួរបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖
ទី១. គណបក្សប្រជាជនកម្ពុជា
ទី២. គណបក្ស ឆន្ទៈខ្មែរ
ទី៣. គណបក្សហ៊្វុនស៊ិនប៉ិច
ទី៤. គណបក្ស កម្លាំងជាតិ។

អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប៕ដោយ៖ពលជ័យ/រូបភាព៖ឡុង ដេវីត

ads banner