បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ២៥ កុម្ភៈ៖ អង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង១១៦២២រូប

ភ្នំពេញ៖ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន០៤ គណបក្សរួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សឆន្ទៈខ្មែរ ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ថា អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧រូប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភាមានចំនួន៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ឯកឧត្តមបានបន្តថា មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗមានចំនួនសរុប ១១,៧៤៧ នាក់ ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតនេះមានចំនួន ៣៣ ការិយាល័យ។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា ចំពោះការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជម្រាបជូនថា នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១៥:០០ នាទីរសៀល។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត នឹងត្រូវបានអនុវត្តភ្លាមៗ នៅទីតាំងតែមួយ ដោយការិយាល័យបោះឆ្នោត នឹងក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត។ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដោយផ្អែកលើទិន្នន័យលទ្ធផលនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គធ.ខប បានបញ្ចូល និងបញ្ជូនមក គ.ជ.ប តាមប្រព័ន្ធអ៊ីនធឺណិត។ លទ្ធផលនៃការបោះឆ្នោតគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស ក៏មានបង្ហោះផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ គ.ជ.ប។ គ.ជ.ប នឹងផ្សាយលទ្ធផលនៃការបោះឆ្នោតផ្លូវការយ៉ាងយូរនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឬមុនកាលបរិច្ឆេទនេះ តាមករណីមាន ឬគ្មានពាក្យបណ្តឹង ឬគ្មានការបោះឆ្នោតសាជាថ្មី៕
ដោយ៖ពលជ័យ

ads banner