មន្រ្តីជំនាញចែករំលែកវិធីសាស្រ្តចិញ្ចឹមសត្វនិងផ្ដល់វ៉ាក់សាំងការពារជំងឺសត្វដល់អ្នកចិញ្ចឹមនៅខេត្តព្រៃវែង
ព្រៃវែង៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានចុះពិនិត្យមើលការចិញ្ចឹមសត្វនិងផ្ដល់វ៉ាក់សាំងការពារជំងឺសត្វ ដល់ប្រជាពលរដ្ឋបានជាច្រើនស្រុក នៅខេត្តព្រៃវែង ។សកម្មភាពនេះក៏ដើម្បីណែនាំបច្ចេកទេសចិញ្ចឹមសត្វ និងវិធានការជីវសុវត្ថិភាព ដល់កសិករ។
មន្ត្រីបសុពេទ្យពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ មន្ត្រីបសុពេទ្យបានចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករ លឹម ឡៃ ចិញ្ចឹមជ្រូកចំនួន៤៣ក្បាល ,កសិករ សុន រី ចិញ្ចឹមជ្រូកចំនួន១៧ក្បាល នៅភូមិអូតាថុក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ។នៅទីនោះបានណែនាំពីការធ្វើអនាម័យ ការផ្ដល់ចំណី ការអនុវត្តវិធានការការពារនិងផ្ដល់ថ្នាំសម្លាប់មេរោគមួយចំនួន។
មន្រ្តីជំនាញក៏បានទៅមើល កសិករ មិន សន នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ដែលចិញ្ចឹមជ្រូកមេ១៧ក្បាល កូន៣២ក្បាល ។អ្នកជំនាញក៏បានចែកថ្នាំសម្លាប់មេរោគនិងបានណែនាំពីការអនាម័យទ្រុង ការចាក់ជាតិដែកតាមកម្មវិធីផងដែរ។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានផ្ដល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមទា ព្រមទាំងបានណែនាំបច្ចេកទេសចិញ្ចឹម និងវិធានការជីវសុវត្ថិភាព ។ក្នុងនេះ កសិករឈ្មោះម៉ា នី ,កសិករ ជា អូន នៅភូមិស្គាក្តី និងកសិករឈ្មោះសាធ សឿន ភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកសុីធរកណ្តាល មានទាសរុប ៥៥០០ក្បាល ។កសិករ កេត ភឿន ចិញ្ចឹមមាន់សរុប ១៨៥ក្បាល ក្ងាន១២ក្បាល នៅ ភូមិស្វាយគុណ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ។កសិករឈ្មោះឃុត ធី ចិញ្ចឹមជ្រូកមេ៣ក្បាល កូន២៨ក្បាល នៅភូមិអន្លង់រាជ្យ និងកសិករឈ្មោះ យឹម ឆន ចិញ្ចឹមមាន់មេ១០ក្បាល កូន៥០ក្បាល ទា២០ក្បាល ជ្រូក មេ១ កូន២ក្បាល នៅភូមិទួលរកា ស្ថិតក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
មន្ត្រីជំនាញបានបញ្ជាក់ថា មន្ត្រីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ និងសហការជាមួយអាជ្ញាធរភូមិ ឃុំចុះចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ។ជាលទ្ធផល ចាក់បាន គោ៤១៧ក្បាល ក្របី៧២ក្បាល ស្រុកពារាំង ស្រុកព្រះស្តេចនិងស្រុកកំចាយមារ ខេត្តព្រៃវែង៕
ដោយៈ នុត នាង