អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីស្ថានភាពនៃការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែកុម្ភៈ គឺជាការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ចាប់ពីម៉ោង​៧ព្រឹក ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ ការិយាល័យ នៅគ្រប់ ៨មណ្ឌលតែម្តង។ ហើយអង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​បាន​អញ្ជើញមកមុនដើម្បីតម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ហើយភ្នាក់ងារគណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់​ការិយាល័យ​ទាំង ៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេតមើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។

អ្នកនាំពាក្យបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាងហោចក៏មានការិយាល័យបោះឆ្នោតចំនួន២ បានបិទ និងបានរាប់រួច​ហើយ​ដែរ គឺនៅខាងមណ្ឌលគីរី និងកែប។

ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា ២ការិយាល័យ។ ហើយទិដ្ឋភាពទូទៅមានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពល្អ និងមានកិច្ចសហការល្អរវាងអាជ្ញាធរ​ដែនដី គណៈអចិន្ត្រៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងមន្ត្រី គ.ជ.ប និងតំណាងគណបក្សនយោបាយ ក៏មានវត្តមានផង​ដែរ។ ហើយការប្រព្រឹត្តទៅដោយរលូន។ ហើយសង្ឃឹមថា រហូតដល់ចប់ការ​បោះឆ្នោតនេះក៏នឹងប្រព្រឹត្តទៅដោយល្អប្រសើរ៕
ដោយ៖ពល ជ័យ

ads banner