អត្តពលិកទូកក្តោងកម្ពុជា ឈ្នះមេដាយ ២គ្រឿង កម្រិតទ្វីបអាស៊ី នៅសិង្ហបូរី
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសឹង្ហបុរីលើក ទី ៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024) នៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយជោគជ័យ ។
ជាលទ្ធផល កម្ពុជាទទួលបានលទ្ធផលល្អប្រសើជាទីមោទនៈ ដោយ កីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបាន មេដាយ សំរិទ្ធិ ១គ្រឿង ក្នុងចំនោមកីឡាករចំនួន ៨រូប លើវិញ្ញាសា Windsurfing Techno 293 Plus Open ដែលពិធីបំពាក់មេដាយបានរៀបចំឡើង នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងសឹង្ហបុរី (Singapore National Sailing Center) ។
នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៤ ដែលក្រុមកីឡាករទូកក្តោងរបស់សហព័ន្ធបានឈ្នះមេដាយកម្រិតទ្វីបអាស៊ី ពីការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ចេញទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ រហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។
សូមបញ្ជាប់ផងដែរថា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ដែលមានដូចជា ព្រឹត្តិការណ៍ Thailand Windsurfing Championship 2024 (Event2) នៅប្រទេសថៃ នាដើមខែមីនាខាងមុខនេះ ដើម្បីប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ៕
ដោយ ៖ ចាន់ វិចិត្រ