អង្គការសហប្រជាជាតិអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅលីប៊ី ខណៈមនុស្សស្លាប់កើនជាង១ពាន់នាក់ និងរបួស៥,៥០០នាក់

បរទេស៖ ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL នៅថ្ងៃអង្គារ៍នេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់នៅភាគខាងត្បូងលីប៊ី ស្របពេលដែលចំនួនមនុស្សស្លាប់កើនជាង១ពាន់នាក់ និងរបួស៥,៥០០នាក់ ដោយសារការប៉ះទង្គិចគ្នាកន្លងមកនេះ។

ទន្ទឹមគ្នានេះ បេសកកម្ម UNSMIL បានចូលរួមចែករំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយថែមទាំងបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះទាំងអស់ បញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់ និងព្យាយាមរក្សាភាពអត់ធ្មត់ខ្ពស់ ក៏ដូចជាជំរុញឱ្យដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធនេះ តាមរយៈការចរចាគ្នាដោយសន្តិវិធីវិញ។

សូមបញ្ជាក់ថា យោងតាមបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ស្របពេលដែលជម្លោះប្រដាប់អាវុធខាងលើ បន្តឈានចូលដល់ខែទី៤នោះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១,០៤៨នាក់ ក្នុងនោះ១០៦នាក់ជាជនស៊ីវិល រីឯក្នុងចំណោមអ្នករងរបួសទាំង៥,៥៥៨នាក់ មានជនស៊ីវិល២៨៩នាក់ ខណៈអង្គការ WHO បានបន្តបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារវេជ្ជសាស្រ្ត ដើម្បីជួយដល់មន្ទីរពេទ្យនានានៅក្នុងតំបន់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner