សហរដ្ឋអាម៉េរិក និងចិន ធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទពាក់ព័ន្ធនឹងកិច្ចចរចា ដោះស្រាយវិវាទពាណិជ្ជកម្ម
ចិន៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊េ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡៃធីហ្សឺ និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន ទាក់ទិនទៅនឹងកិច្ចចរចាដោះស្រាយវិវាទពាណិជ្ជកម្ម នេះបើតាមក្រសួងពាណិជ្ជកម្មចិននៅក្នុងថ្ងៃពុធនេះ។
លោក លីវ ហ៊េ ដែលជាប្រធានក្រុមប្រតិភូចិន ដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្មអាម៉េរិក-ចិន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក ចុង សាន ផងដែរនោះ បានជជែកផ្លាស់ប្តូរទស្សនៈគ្នាជាមួយក្រុមមន្រ្តីអាម៉េរិក ស្តីពីការអនុវត្តលើកិច្ចព្រមព្រៀង ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានរួមគ្នា នៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ។
កិច្ចសន្ទនាខាងលើនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យមន្ត្រីជាន់ខ្ពស់ប្រទេស មហាអំណាចសេដ្ឋកិច្ចទាំងពីរ ឈានទៅបង្កើតកិច្ចពិភាក្សាឡើងវិញក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាផ្នែកពាណិជ្ជកម្ម ជាពិសេសការដំឡើងពន្ធដែលបង្កឲ្យប្រទេសទាំងសងខាងរងផលប៉ះពាល់៕ម.ន