លោក មូន ជែអ៊ីន អះអាងថា កូរ៉េខាងត្បូងនឹងបង្កើនការចំណាយ ដើម្បីទប់ទល់នឹង ការដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗរបស់ជប៉ុន
កូរ៉េខាងត្បូង៖ ការដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗរបស់ជប៉ុន ដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បួង អាចនឹងបន្តអូសបន្លាយយូរទៀត ហើយរដ្ឋាភិបាលក្រុងសេអ៊ូលនឹងបង្កើនការចំណាយ ដើម្បីជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើជប៉ុន។
ការកត់សម្គាល់បែបនេះ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានធ្វើឡើងនៅក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េខាងត្បូងធំៗទាំង៣០ នៅក្នុងថ្ងៃពុធនេះ ហើយនាឱកាសនោះដែរ លោក មូន ក៏បានទាត់ចោលផងដែរ ការចោទប្រកាន់របស់អ្នកនយោបាយជប៉ុនម្នាក់ ដែលថា កូរ៉េខាងត្បូងបានដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ហាយដ្រូហ្សែន ផ្លូរីដ ដែលនាំចូលពីជប៉ុនទៅកាន់កូរ៉េខាងជើង។
សូមរំលឹកថា កាលពីសប្ដាហ៍មុននេះ ជប៉ុនបានប្រកាសអនុវត្តន៍វិធានការរឹតត្បិត លើការនាំចេញវត្ថុធាតុដើមសំខាន់ៗចំនួន០៣ ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ដើម្បីជាការឆ្លើយតបទៅនឹងសាលក្រមសម្រេចរបស់តុលាការកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ ដែលបានតម្រូវឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងថ្លៃខូចខាតដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការទាំងគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សហកម្មជប៉ុន កាលពីសម័យសង្រ្គាមលើកលោកទី២៕ម.ន