ឃាត់ខ្លួនជនជាតិចិន៣នាក់ នាំលុយគ្មានប្រភពច្បាស់លាស់ចំនួន៩០ម៉ឺនដុល្លារចូលមកកម្ពុជា
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ មន្ត្រីគយនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនជាតិចិន៣នាក់ នាំលុយគ្មានប្រភពច្បាស់លាស់ចំនួន៩០ម៉ឺនដុល្លារចូលមកកម្ពុជា ដែលការឃាត់ខ្លួននេះ គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលត្រូវឃាត់ខ្លួនទាំង៣នាក់រួមមាន៖
១)ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ
២)ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971
៣)ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ (ជាអ្នកមកចាំទទួលនៅភ្នំពេញ)។
ជាមួយគ្នានោះ ក្រោយធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញក្រដាសប្រាក់ដែលជនសង្ស័យដាក់ក្នុងកាបូបយួរដៃចំនួន០៣ ដែលមានទឹកប្រាក់សរុប៩០ម៉ឺនដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាសប្រាក់ទាំងនេះ មានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង។
គួររំលឹកផងដែរថា រយៈពេល៣ថ្ងៃនេះ មន្ត្រីគយបង្ក្រាបបទល្មើសនាំលុយដុល្លារល្មើសច្បាប់ ចូលបាន២ករណីហើយ ដោយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បង្ក្រាបនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដោយចាប់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ រឹបអូសយកប្រាក់ដុល្លារ បានជាង២លានដុល្លារផងដែរ។ បច្ចុប្បន្នជនជាតិចិនទាំង៣នាក់ ត្រូវបានសមត្ថកិច្ចគយប្រគល់ឲ្យទៅនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ម.ន